Preparation before BacII National Examinations

ការត្រៀមខ្លួនសម្រាប់ប្រលងមធ្យមសិក្សាទុតិយភូមិ

ការត្រៀមខ្លួនសម្រាប់ប្រឡងបាក់ឌុប

August 1, 2022

Share to :

author

Author:

Khemarak Leakna


ការប្រឡងបាក់ឌុបជិតមកដល់ហើយ មានសិស្សានុសិស្សភាគច្រើនបានត្រៀមខ្លួនសម្រាប់ការប្រឡងនេះ ចាប់តាំងពីដើមឆ្នាំមកម៉្លេះ ប៉ុន្តែក៏នៅមានសិស្សមួយចំនួនដែលមិនទាន់បានត្រៀមខ្លូន ហើយកំពុងតែបណ្ដែតបណ្ដោយខ្លួនតាមពេលវេលា ។​ តែកុំទាន់អស់សង្ឃឹមអី! នៅសល់ពេលប្រហែលជាង ៣ ខែ ទៀតដែរ ដែលប្អូនៗអាចខិតខំប្រឹងរៀនឡើងវិញ និងអាចត្រៀមខ្លួនសម្រាប់ការប្រឡងមួយនេះបានជោគជ័យផងដែរ ។

យើងដឹងហើយថាការត្រៀមខ្លួន ពិតជាមានសារៈសំខាន់ ប្រសិនបើប្អូនៗមិនបានត្រៀមខ្លួនខិតខំសិក្សាតាំងតែពីដើមឆ្នាំរហូតដល់ថ្ងៃប្រឡងទេ នោះនៅពេលការប្រឡងខិតជិតមកដល់ប្អូនៗនឹងមានការបារម្ភ ភ័យខ្លាចការប្រឡង ព្រោះអីដោយសារការមិនបានប្រឹងប្រែងរៀន លើមុខវិជ្ជាដែលត្រូវប្រឡង ។ ប្៉ន្ដែសូមប្អូនៗកុំមានការព្រួយបារម្ភ ឬភ័យខ្លាចខ្លាំងពេក ត្រូវសម្រាក​ឱ្យបានគ្រប់គ្រាន់ និងអនុវត្តគន្លឺះទាំង ៨ ខាងក្រោមនេះដើម្បីធ្វើការត្រៀមខ្លួនចូលប្រឡងប្រកបដោយភាពជឿជាក់ ។

ចុះមានគន្លឺះអ្វីខ្លះ?

ខាងក្រោមនេះជាគន្លឹះទាំង ៨ សម្រាប់សិស្សប្អូនទី១២ទាំងអស់ដើម្បីយកមកអនុវត្តជាប្រចាំមុននឹងថ្ងៃប្រឡងមកដល់ ៖

១. រៀបចំកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវ និងគោរពលើកាលវិភាគដែលខ្លួនបានកំណត់

មានន័យថានៅពេលកំណត់កាលវិភាគសិក្សាលើមុខវិជ្ជាដែលសំខាន់សម្រាប់ការប្រឡងហើយ សូមប្អូនរៀនទៅតាមអ្វីដែលខ្លួនបានកំណត់ ពិសេសមិនត្រូវពន្យារពេល ឬលើកទៅពេលនេះ ពេលនោះ​ នោះទេ (ករណីចាំបាច់ចាំលើក) ។ ពោលគឺត្រូវមានវិន័យចំពោះខ្លួនឯង ។

២. យកចិត្តទុកដាក់ក្នុងការរៀននៅក្នុងថ្នាក់

ត្រូវស្ដាប់លោកគ្រូអ្នកគ្រូរបស់ប្អូនពន្យល់នូវមេរៀន និងលំហាត់ ព្រោះថាបន្ទាប់ពីពួកគាត់ពន្យល់គឺ ប្អូនជាអ្នកអនុវត្តលំហាត់ និងទន្ទេញមេរៀនទាំងនោះដោយខ្លួនឯង ។ ប្រសិនបើមានចម្ងល់ ចូរកុំស្ទាក់ស្ទើរក្នុងការសួរគ្រូ ឬ មិត្តភក្ដិរបស់អ្នក ។

៣. ផ្ដល់ពេលសម្រាប់សិក្សាដោយខ្លួនឯងឱ្យបានច្រើន

បន្ទាប់ពីការសិក្សានៅក្នុងថ្នាក់ គឺមានតែខិតខំសិក្សាស្វែងយល់ដោយខ្លួនឯងទេទើបធ្វើឱ្យអ្នកយល់មេរៀនបានច្បាស់ ។ មានន័យថានៅពេលទំនេរប្អូនៗត្រូវចំណាយពេលធ្វើលំហាត់ និងទន្ទេញមេរៀន លើមុខវិជ្ជាដែលនឹងត្រូវប្រឡង ព្រោះការផ្ដល់ពេលវេលាសម្រាប់សិក្សាដោយខ្លួនឯងនេះសំខាន់ជាងការសិក្សានៅក្នុងថ្នាក់ទៅទៀត ។

៤. បង្កើតក្រុមស្វ័យសិក្សាជុំគ្នាធ្វើលំហាត់ ឬមើលមេរៀន និងផ្លាស់ប្ដូរចំណេះដឹងគ្នាទៅមក 

ប្រសិនបើប្អូនៗធ្វើសកម្មភាពទាំងនេះ ប្អូននឹងសង្កេតឃើញថាការសិក្សារបស់ប្អូនៗមានការផ្លាស់ប្ដូរ និងការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ។

៥. កាត់បន្ថយការលេងទូរស័ព្ទដៃ

ព្យាយាមកាត់បន្ថយការលេងហ្គេម ឬបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក ឬតិកតុក ជាដើម ។ ប្អូនត្រូវប្ដេជ្ញាចិត្តខ្លួនឯងថា ត្រូវខិតខំរៀនសិនទៅ ព្រោះអីជិតប្រឡងហើយ ។ ចាំពេលប្រឡងរួច ចាំលេងវាវិញក៏បាន ។ តែបើគិតតែពីលេងវាឥឡូវនឹងទៅ ដោយភ្លេចរៀនភ្លេចសូត្រ ប្អូននឹងប្រឡងធ្លាក់ហើយ ។

៦. គិតគូរ និងថែទាំសុខភាពរបស់ខ្លួន មិនថាមុនពេលប្រឡង ឬពេល​ប្រឡងនោះទេ

សុខភាពជារឿងសំខាន់ណាស់ ព្រោះអីបើសិនជាអ្នកមានសុខភាពមិនល្អហើយ ការសិក្សារបស់អ្នកក៏មិនល្អប្រសើរផងដែរ ។ ដូច្នេះហើយ ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលល្អសម្រាប់សុខភាព និងហាត់ប្រាណជាប្រចាំ ។

៧. កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ត្រូវផ្ដល់ពេលវេលាសម្រាកលម្ហែខួរក្បាលខ្លះសម្រាប់ខ្លួនឯង

បន្ទាប់ពីធ្វើការសិក្សាច្រើនពេញមួយសប្ដាហ៍ ប្អូនៗប្រាកដជា ស្ត្រេស និងអស់កម្លាំង ចង់សម្រាកលម្ហែខួរក្បាល ។ ទៅធ្វើសកម្មភាពទាំងឡាយណាដែលខ្លួនចូលចិត្ត ដើម្បីសាកថ្មឱ្យខ្លួនឯង សម្រាប់ធ្វើការប្រយុទ្ធបន្តទៀតនៅសប្ដាហ៍បន្ទាប់ ។ តែកុំឱ្យសោះ បណ្ដោយខ្លួនឱ្យសម្រាធ្វើរឿងឥតប្រយោជន៍ជាច្រើនម៉ោង និងធ្វើឱ្យស្មុគស្មាញវិញ ។

៨. ជៀសវាងកុំឱ្យខ្ជះខ្ជាយពេលវេលានៅជាមួយក្រុមមិត្តភក្ដិដែលមិនគិតគូរពីការរៀនសូត្រ

ចូរពិនិត្យមើលពេលវេលាដែលអ្នកបានចំណាយជាមួយមិត្តភក្ដិរបស់អ្នករួចគិតអំពីសំណួរទាំង ៥ ខាងក្រោមនេះ៖

  • តើពួកគេនាំអ្នកធ្វើសកម្មភាពអ្វីខ្លះ?
  • តើពួកគេនាំអ្នកទៅកន្លែងណាខ្លះ?
  • តើពួកគេធ្វើឱ្យអ្នកអានអ្វីខ្លះ និងធ្វើលំហាត់អ្វីខ្លះ?
  • តើពួកគេមានឥទ្ធិពលអ្វីខ្លះដល់រូបអ្នក​?
  • តើការនៅជាមួយពួកគេល្អសម្រាប់អ្នកដែរឬទេ?

ជាចុងក្រោយ គឺថាគ្មាននរណាម្នាក់ ដែលគ្មានកំហុសនោះទេ សំខាន់គឺការភ្ញាក់ខ្លួន និងកែប្រែខ្លួនឡើងវិញ ។ ហើយក៏គ្មានពាក្យថាហួសពេលសម្រាប់មនុស្សគ្រប់គ្នានោះដែរ អ្វីដែលសំខាន់គឺការចាប់ផ្ដើម និងការមិនបោះបង់ ។ កុំដាក់សម្ពាធលើខ្លួនឯងច្រើនពេក ។

 

ត្រឡប់ក្រោយ