Budget Management

ការគ្រប់គ្រងថវិកា

តើគួរធ្វើយ៉ាងណាទើបអាចដោះស្រាយបញ្ហានេះឱ្យបានធូរស្រាលជាងមុន?

August 31, 2021

Share to :

author

Author:

Leakna Khemarak


មនុស្សគ្រប់រូបដែលបានកើតមកហើយ គឺធម្មជាតិបានកំណត់ឱ្យមានជីវិតរស់នៅលើមហាសន្និវាសដ៏ធំល្វឹងល្វើយនេះ ហើយតម្រូវឱ្យមនុស្សគ្រប់រូបជួបនូវបញ្ហា ឬឧបសគ្គដែលនឹងមកប្រឈមជារឿយៗ។ រាល់ឧបសគ្គរមែងបង្រៀនអ្នកឱ្យចេះបត់បែន រកដំណោះស្រាយ ព្យាយាមជម្នះ មិនថាត្រូវប្រឈមមុខបែបណានោះឡើយ​។ ជាពិសេសស្ថិតនៅក្នុងភាពជាយុវវ័យ​ដូចពួកយើងសព្វថ្ងៃ ការពុះពារ តទល់នឹងបញ្ហាវាមិនមែនជាការងាយស្រួល ហើយក៏មិនមែនសុទ្ធតែលំបាកដែរ គ្រប់យ៉ាងអាស្រ័យទៅលើការប្រព្រឹត្ត និងនីតិវិធីដែលយើងប្រើប្រាស់នោះឯង។ ជាក់ស្ដែង ស្ថិតនៅក្នុងវ័យជានិសិ្សត ពួកយើងមានកាតព្វកិច្ចមួយដែលចាំបាច់នោះគឺការសិក្សារៀនសូត្រ ស្រូបយកចំណេះវិជ្ជា ប៉ុន្តែបញ្ហាធំដែលភាគច្រើនដែលយើងជួបប្រទះអំឡុងពេលសិក្សានោះគឺ “ការគ្រប់គ្រងថវិកា”

តើគួរធ្វើយ៉ាងណាទើបអាចដោះស្រាយបញ្ហានេះឱ្យបានធូរស្រាលជាងមុន?

ជាការពិតណាស់ស្ថិតនៅក្នុងថ្នាក់មហាវិទ្យាល័យបែបនេះ មានសិស្សនិស្សិតជាច្រើនដែលកំពុងតែមានការលំបាកក្នុងការគ្រប់គ្រងថវិកាស្ទើរតែគ្រប់គ្នាៗ។ បញ្ហាជីវភាពអាចបណ្ដាលឱ្យនិសិ្សតគ្មានការគ្រប់គ្រងអារម្មណ៍ក្នុងការរៀនសូត្របានល្អនោះឡើយ ឬអាចឈានទៅដល់ការបោះបង់ការសិក្សាក៏ថាបាន។ អ្នកដែលអាចមានការលំបាកខ្លាំងនោះគឺ និសិ្សតដែលបានឡើងមកសិក្សានៅភ្នំពេញ ពួកគេត្រូវចំណាយ គុណនឹង២ លើសនិសិ្សតដែលមានអាណាព្យាបាលរស់នៅជាមួយផ្ទាល់។ ជាទូទៅរាល់ការចំណាយដែលមិនមានការកំណត់ច្បាស់លាស់អាចធ្វើយើងប្រឈមនឹងវិបាត់សេដ្ឋកិច្ច ដាច់លុយមុនដាច់ខែទៅទៀត។ ជាការឆ្លើយតបទៅនឹងសំនួរខាងលើ ពួកយើងបានពាំនាំវិធីសាស្រ្តមួយចំនួន មកណែនាំឱ្យអ្នកទាំងអស់គ្នាសាកល្បង ក្នុងការគ្រប់គ្រងប្រាក់ មិនចាំបាច់មានជំនាញនោះទេ គ្រាន់តែព្យាយាមអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាការស្រាច់ ៖

1. បង្កើតតារាងរៀបរាប់នៃការចំណាយ

យុវវ័យភាគច្រើនមិនសូវបានគិតគូរពីការចំណាយរបស់ពួកគេក្នុងមួយអាទិត្យៗ ឬមួយខែៗនោះទេ។ ការតាមដានចំណូលចំណាយជាប្រចាំ បង្រៀនយើងឱ្យមានទម្លាប់ល្អក្នុងការចាយវាយ ដោយចាប់ផ្ដើមកំណត់ចំណាំ​ការចាយវាយណាដែលចាំបាច់បំផុត បែងចែកឱ្យដាច់រវាងតម្រូវការ និងសេចក្ដីត្រូវការ។ ព្យាយាមធ្វើការប៉ាន់ស្មានតម្លៃមុនពេលដែលអ្នកចំណាយ កុំទម្លាប់ចាយលើសពីអ្វីដែលអ្នកបានកំណត់។ ជាឧទាហរណ៍ បើសិនជាអ្នកកំណត់ថា រាល់ពេលទៅផ្សារម្ដងៗ អ្នកមានគោលបំណងនៃការទិញអ្វីឱ្យច្បាស់លាស់ ហើយមិនចំណាយលើសពីអ្វីដែលអ្នកបានគិតទុកនោះ អ្នកនឹងមិនចំណាយខ្ជះខ្ជាយទៅលើរបស់ដែលមិនចាំបាច់នោះឡើយ។

2​. សន្សំប្រាក់បម្រុង

នៅរាល់ពេលដែលអ្នកសន្សំប្រាក់ តើអ្នកធ្លាប់បែងចែកប្រាក់សន្សំ សម្រាប់ជាប្រាក់បម្រុងទុកដែរឬទេ? ការសន្សំប្រាក់ផ្ទាល់ខ្លួនគឺអ្នកត្រូវដក ១០ភាគរយ នៃប្រាក់ចំណូល ដើម្បីសន្សំ​ តែចំពោះការសន្សំប្រាក់បម្រុង អ្នកត្រូវដក ៤០ភាគរយនៃប្រាក់ដែលនៅសល់បន្ទាប់ពីអ្នកធ្វើការបែងចែកការចំណាយរួច។ ប្រាក់បម្រុងនេះគួរប្រើសម្រាប់តែពេលមានការចាំបាច់ប៉ុណ្ណោះ សឹមដកយកមកប្រើ។

3. កាត់បន្ថយការចំណាយដែលឥតប្រយោជន៍

អ្នកគួរតែកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ ដូចជា ការជប់លាងញឹកញាប់ ទិញទំនិញអនឡាញ ញ៊ាំកាហ្វេលើសពីមួយកែវក្នុងមួយថ្ងៃ សាកល្បងទិញរបស់របរប្រើប្រាស់ប្លែកៗ ទាំងអស់នេះអាចជាទម្លាប់អាក្រក់ដែលអ្នកមិនបានចាប់អារម្មណ៍។

4. កុំទុកលុយទាំងអស់នៅក្នុងខ្លួន

ហេតុអ្វីមិនគួរទុកលុយនៅក្នុងខ្លួនទាំងអស់? នរណាក៏ដូចនរណា នៅពេលដែលមានលុយនៅក្នុងដៃ អ្វីៗសុទ្ធតែចាំបាច់ទិញទាំងអស់។ ជៀសវាងការចំណាយមិនចំមុខបែបនេះ អ្នកគួរដកប្រាក់សន្សំ និងបែងចែកការចំណាយឱ្យរួចជាស្រេចដូចដែរ ខ្ញុំបានរៀបរាប់នៅចំនុចខាងលើ។

5. ហាមខ្ចី

កុំមានទម្លាប់អាក្រក់ “ខ្ចី” នៅក្នុងខ្លួន ប្រយ័ត្នដើមខែមកដល់បើកលុយសងគេអស់ៗ។

6. រកការងារក្រៅម៉ោង

ការទទួលបានចំណូលបន្ថែមខ្លះគឺជាវិធីដ៏ល្អ ដើម្បីឱ្យមានស្ថេរភាពក្នុងការចំណាយ។ ព្យាយាមរកការងារក្រៅម៉ោង ដែលងាយស្រួលសម្រាប់អ្នក ដែលមិនប៉ះពាល់ដល់ការសិក្សា ជាជម្រើសដ៏ល្អបំផុត។ ទាំងអស់នេះហើយដែលជាកត្តាដែលចាំបាច់ដែលនិសិ្សតគ្រប់រូបគួរដឹង និងសាកល្បងអនុវត្ត ដោយការរៀបចំផែនការថវិកាសម្រាប់រយៈពេលខ្លី ឬរយៈពេលវែង។ ការគ្រប់គ្រងថវិកាបានល្អ អាចផ្ដល់ផលចំណេញជាច្រើននិងការចំណាយមួយដែលមានស្ថេរភាពជាក់លាក់ ហើយធ្វើអោយយើងចាកចេញពីស្ថានភាព ដាច់ខែដាច់ខ្យល់។

ត្រឡប់ក្រោយ